ស្រានាំចូល ពីបរទេស មិនក្លែងក្លាយ ខណៈស្រាបរទេស នៅក្នុងប្រទេស មានការក្លែងបន្លំ

ភ្នំពេញ៖ ស្រាបរទេសដែលនាំចូលមកលក់ នៅក្នុងប្រទេសកម្ពុជា មិនមានការក្លែងក្លាយអ្វីនោះទេ ខណៈស្រាបរទេសមួយចំនួន ដែលកំពុងតែ ចរាចរដាក់លក់នៅក្នុងទីផ្សារកម្ពុជា មានការក្លែងបន្លំគុណភាព ដែលកត្តាទាំងនេះ វាបានធ្វើឲ្យប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋកម្ពុជា ផងដែរ។

អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោក សូរ ផន បានថ្លែងបែបនេះ ទៅកាន់ ក្រុមអ្នកសារព័ត៌មាន នៅក្នុងសិក្ខាសាលាស្តីពី«ជំនាញពិនិត្យស្រាបរទេសក្លែងក្លាយ» ដែលរៀបចំធ្វើឡើង នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣នេះ នាសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
លោក សូរ ផន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានបន្តថា «គេនាំចូលអាសុទ្ធ(ស្រា) ដល់ហើយយើងនៅខាងក្នុងប្រទេសនេះ គឺថា គាត់រក បច្ចេកទេសធ្វើឲ្យដូចអីចឹង បិទតាំងពីអេធី កែតបង់ពន្ធគយនៅលើក្បាលដប តាមពិតគឺថាក្លែងក្លាយ ហើយអ្នកដែលមិនធ្លាប់ដឹង គឺមើលទៅ ត្រឹមត្រូវ»។
លោក សូរ ផន បានបន្តទៀតថា ស្រាក្លែងក្លាយមួយចំនួន បាននិងកំពុងធ្វើចរាចរ នៅក្នុងក្លឹបកំសាន្តសប្បាយមួយចំនួន ដែលភាគច្រើនម្ចាស់ ហាងកំសាន្តសប្បាយទាំងនោះ បានលួចបញ្ចេញ នូវផលិតផលស្រាក្លែងក្លាយទាំងនោះឲ្យភ្ញៀវពិសា ខណៈដែលដឹងថា ភ្ញៀវទាំងនោះកំពុងតែស្រវឹង រួចទៅហើយ ដើម្បីចង់ទទួលបានប្រាក់ចំណេញច្រើនជាងនេះ។
បើតាមអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃរូបនេះ បានឲ្យដឹងថា ឆ្លងតាមរយៈសិក្ខាសាលា ស្តីពី «ជំនាញពិនិត្យស្រាបរទេសក្លែងក្លាយ» នេះ នឹងជួយ ពង្រឹងនូវសមត្ថភាពបន្ថែមទៀត ដល់មន្រ្តីអនុវត្តច្បាប់កម្ពុជា ឲ្យចេះស្វែងយល់ និងចេះបែងចែកប្រភេទស្រាក្លែងក្លាយ និងប្រភេទស្រាពិតប្រាកដ និងជាយុទ្ធសាស្រ្ត ដើម្បីអនុវត្តផែនការសកម្មភាពទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការលួចនាំចូល ការលួចផលិតស្រាក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ដល់ សុខភាព និងសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជា៕

0 comments:

Post a Comment