ក្រុមហ៊ុន OJI ដាក់ត្រាក់ទ័រ ឈូសឆាយរំលោភ យកដីរបស់ ប្រជាពលរដ្ឋ រាប់សិបគ្រួសារ

កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋជាង៥០គ្រួសារ បានតវ៉ា និងចោទប្រកាន់ក្រុមហ៊ុន OJI កំពុងឈូសឆាយរំលោភយកដី ពួកគាត់រាប់សិបហិកតា ដែលបានកាន់កាប់ និងបង្កបង្កើនផលតាំងពីឆ្នាំ១៩៨៧មកនោះ។ ក្រុមប្រជាពលរដ្ឋ បានលើកឡើងទៀតថា សកម្មភាពឈូសឆាយដីធ្លីរបស់ក្រុមហ៊ុន OJI ជាការប្រឆាំងទៅនឹង គោលនយោបាយដីធ្លីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។



តំណាងប្រជាពលរដ្ឋកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន OJI ជាង៥០គ្រួសារ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិលនៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៣ ដោយសុំមិនបញ្ចេញឈ្មោះថា ក្រុមហ៊ុន OJI មាន ដែលលោក ម៉ា សុខថា មន្រ្តីរដ្ឋបាលព្រៃឈើ ជាតំណាងនោះ បានបោះបង្គោលព័ទ្ធយកដីជាង ៣០០ហិកតា នៅ ក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ព្រមទាំងឈូសឆាយរំលោភយកដីប្រជាពល  រដ្ឋ ៥០-៦០ហិកតាហើយ ចាប់តាំងពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៣។
តំណាងប្រជាពលរដ្ឋរូបនេះ បានបន្តទៀតថា លោក ម៉ា សុខថា បានដឹកនាំកម្លាំងសមត្ថកិច្ចដាក់ត្រាក់ទ័រជាច្រើន គ្រឿងចុះឈូសឆាយយកដីរបស់គាត់ ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀត បង្កឲ្យមានបាតុភាពជាច្រើនពីប្រជាពលរដ្ឋ  ដោយនៅតំបន់ខ្លះ បានផ្ទុះជាអំពើហិង្សាកាន់កាំបិត ពូដៅ ប្រឆាំងជាមួយសកម្មភាពក្រុមហ៊ុនថែមទៀតផង។
បើតាមតំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លីរូបនេះ បានឲ្យដឹងថា ដីធ្លីរបស់ពួកគាត់ដែលត្រូវក្រុមហ៊ុន OJI ឈូស ឆាយនេះ គឺកំពុងរង់ចាំក្រុមយុវជនស្ម័គ្រចិត្ត សម្តេចតេជោ ចុះទៅវាស់វែងជូន។ ស្រាប់តែនៅដើមខែមេសា ក្រុម  ហ៊ុនបែរជាចុះទៅឈូសរំលោភទាំងបំពាន ដោយគ្មានការដឹងឮពីអាជ្ញាធរស្រុកអ្វីទាំងអស់។
សកម្មភាពឈូសឆាយដីរបស់ក្រុមហ៊ុន OJI ត្រូវបានក្រុមប្រជាពលរដ្ឋហៅថា ជាការបំពានទៅនឹងគោលនយោ បាយដីធ្លី «នយោបាយចាស់ សកម្មភាពថ្មី» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្រោមកិច្ចខិតខំអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសគោលនយោបាយផ្តល់កម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋតាមរយៈយុវ ជនស្ម័គ្រចិត្តរបស់សម្តេចនោះ។
ក្រុមប្រជាពលរដ្ឋតាមរយៈតំណាងរបស់ខ្លួន បានអំពាវនាវឲ្យក្រុមហ៊ុនផ្អាកការឈូសឆាយ ដោយរង់ចាំការវាស់ វែងពីក្រុមយុវជនស្ម័គ្រ ព្រមទាំងអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយរកយុត្តិធម៌ជូនពួកគាត់ផង ព្រោះ ពាក្យបណ្តឹងដែលពួកគាត់ដាក់ទៅចេះតែស្ងាត់ ដោយមិនមានការឆ្លើយតបមកវិញឡើយ។
ពាក់ព័ន្ធបញ្ហាទំនាស់ដីធ្លីខាងលើ អភិបាលស្រុកសាមគ្គីមានជ័យ លោក ចាន់ វឿន បានទទួលស្គាល់ថា ពិតជា មានការប្តឹងតវ៉ាពីប្រជាពលរដ្ឋជាមួយក្រុមហ៊ុន OJI នៅក្នុងភូមិឃុំខាងលើពិតមែន។
លោក ចាន់ វឿន បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រាង ដោយផ្តល់ផ្ទៃដីប្រមាណជា ១ម៉ឺនហិក តា ទៅឲ្យក្រុមហ៊ុន OJI ដើម្បីដាំកូនឈើ។ តែនៅក្នុងនោះអគ្គនាយករដ្ឋបាលព្រៃឈើ ឆេង គឹមស៊ុន បានណែនាំ ឲ្យគោរពតាមគោលនយោបាយដីធ្លីរបស់ប្រជាពលរដ្ឋ ពិនិត្យទៅលើស្ថានភាពភាពជាក់ស្តែង ពោលគឺឆ្កៀលដីប៉ះពាល់ជូនប្រជាពលរដ្ឋ ចៀសវាងនូវការតវ៉ា ឬបាតុភាពផ្សេងៗជាមួយប្រជាពលរដ្ឋ។
លោក បានបញ្ជាក់ថា «នៅលើផែនទីវាផ្សេង តែផលជាក់ស្តែងវាផ្សឹង។ ខ្ញុំបានសូមគោលការណ៍ទៅថ្នាក់ខេត្ត ដើម្បីផ្អាកសកម្មភាពរបស់ក្រុមហ៊ុន រង់ចាំការដោះស្រាយមួយជំហានសិន តែក្រុមហ៊ុនគាត់អត់ស្តាប់នៅតែបន្ត សកម្មភាពឈូសឆាយដីមានទំនាស់»។
លោក ចាន់ វឿន បានបញ្ជក់ថា បើក្រុមហ៊ុននៅតែបន្តឈូសឆាយមិនរង់ចាំការដោះស្រាយសិនទេនោះ នឹងមាន ការតវ៉ាកាន់តែខ្លាំងក្លាថែមទៀតជាមិនខាន។
ដោយឡែកលោក មុំ សុរ័ត្ន ក៏បានថ្លែងប្រាប់ផងដែរថា លោកមិនចង់ឲ្យមានការផ្ទុះបាតុភាពអ្វីច្រើននោះទេ ហើយក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ មានផលប៉ះពាល់ទាំងអស់ ដាក់ពាក្យបណ្តឹងទៅសាលាស្រុក ដើម្បីដោះស្រាយជា មួយក្រុមហ៊ុន។
ទោះបីជាយ៉ាងណា ពាក់ព័ន្ធការចោទប្រកាន់នេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាមស្វែងរកការបំភ្លឺពីតំណាងក្រុមហ៊ុន លោក ម៉ា សុខថា ផងដែរនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ តែទូរស័ព្ទចូលហើយពុំមានអ្នកទទួលនោះទេ៕

0 comments:

Post a Comment