ប្លន់​ទាំង​​ថ្ងៃ​កណ្តាល​ក្រុង

ប្លន់​ទាំង​​ថ្ងៃ​កណ្តាល​ក្រុង យប់​ឡើង​លួច​គោ ២ក្បាល​ទៀត​​ ស្វាគមន៍អធិការ​ថ្មី

ខេត្តពោធិ៍សាត់ ៖ បុរសចំណាស់ម្នាក់ ត្រូវក្រុមចោរប្រើល្បិចប្លន់យកចិញ្ចៀនអស់ មួយវង់ និងលុយ២០ម៉ឺនរៀល រួចហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។ ករណីនេះបានកើតឡើង នៅលើផ្លូវលេខ២ ក្បែរផ្ទះអភិបាល ខេត្ត ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ កាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី២០ កុម្ភៈ ។

ជនរងគ្រោះដែលត្រូវចោរប្លន់នោះឈ្មោះ  អ៊ិន ចាន់ហេង ភេទប្រុស អាយុ៧៣ឆ្នាំ រស់នៅភូមិពាលញែក២ បានរៀបរាប់ថា នៅល្ងាចនោះខ្លួនជិះម៉ូតូ ចេញពីផ្ទះទៅស្រោចទឹកដំណាំនៅដីមួយ កន្លែងទៀតខាងក្រោយស្ថានីយប្រេងតេលា ស្ថិតក្នុងភូមិពោរតាគួយ សង្កាត់លលកស ។ ជិះម្នាក់ឯងទៅដល់ផ្លូវកែង ក្បែរផ្ទះអភិបាលខេត្ត ស្រាប់តែមានមនុស្សវ័យចំណាស់ម្នាក់ អាយុប្រហែល៦០ឆ្នាំ បានជិះម៉ូតូតាមក្រោយហៅឱ្យឈប់ ហើយសួរថា កាលជើងបងឯងបាក់បានគ្រូណាស្តោះ? ខ្លួនប្រាប់ថា កុងនន នៅក្បាលហុងស្តោះឱ្យ តែឥឡូវគាត់ស្លាប់បាត់ហើយ ។
បុរសនោះសួរទៀតថា តើមានអ្នកណាបានរៀនពីគាត់ខ្លះទេ ព្រោះកូនគាត់បាក់ឆ្អឹងដងកាំបិត ខ្លួនឆ្លើយថា អត់ដឹងទេ ។ ខណៈពេលកំពុងជជែកគ្នានោះ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ជិះគ្នា២នាក់ សុទ្ធតែប្រុសៗ អាយុប្រហែលជាង២០ឆ្នាំ ពាក់ម៉ាសមើលមិនស្គាល់ទេមកឈប់នៅក្បែរ យកស្អីរឹងៗមិនដឹងថាឈើឬកាំភ្លើងខ្លីទេមកញល់ខ្នងមិនឱ្យ កម្រើកហើយដកយកសោម៉ូតូរបស់គាត់ ឯម្នាក់ទៀតមកបេះយកចិញ្ចៀនប្លាទីនដាំត្បូងមួយវង់ មិនដឹងតម្លៃប៉ុន្មានទេ ព្រោះកូនឱ្យ និងបានលូកយកលុយក្នុងហោប៉ៅខោ អស់ចំនួន២០ម៉ឺនរៀលទៀត រួចហើយនាំគ្នាជិះម៉ូតូទាំងពីរគ្រឿងចេញទៅទិសខាងលិចបាត់ ស្រមោល ។ គាត់ឆ្ងល់ថាបុរសវ័យចំណាស់នោះគាត់មិនដែលស្គាល់សោះ ហេតុអ្វីក៏ដឹងថា គាត់បាក់ជើងច្បាស់ម៉្លេះ ។ដោយឡែកនៅថ្ងៃទី២០ កុម្ភៈ  ដដែលនេះ ចន្លោះពីម៉ោង៨និង៣០នាទីដល់១០និង៣០នាទីយប់ មានករណីចោរលួចគោឈ្មោល២ក្បាល របស់ប្រជាពលរដ្ឋឈ្មោះផន ធាម ភេទប្រុស អាយុ៤៥ឆ្នាំ          នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ។ គោចងក្នុងក្រោលតាំងពីព្រលប់ លុះម៉ោង១០និង៣០នាទីយប់ពេលគាត់ក្រោកបត់ជើងតូចទើបដឹងថា បាត់គោ ។ការប្លន់ទាំងថ្ងៃកណ្តាលក្រុងក្បែរផ្ទះអភិបាលខេត្ត ហើយយប់ឡើងលួចគោអស់២ក្បាលទៀតនៅភូមិព្រៃឪម៉ាល់នេះ ទំនងជាចោរព្រហើនចង់ស្វាគមន៍លោក ឈាន រិទ្ធិ អធិការនគរបាលក្រុងពោធិ៍សាត់ ដែលទើបនឹងឡើងកាន់តំណែងថ្មីហើយមើលទៅ ៕

0 comments:

Post a Comment