ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង

ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ​នៅ​ផ្ទះ​បុណ្យសព ​លោក​ អៀង​ សារី​ ក្នុង​ស្រុក​ម៉ាឡៃ ​

បន្ទាយមានជ័យៈ ​ខណៈ​ដែល​សព​លោក ​អៀង ​សារី ​កំពុង​តែ​ដឹក​តាម​រថយន្ត ​លើ​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥​ ឆ្ពោះ​ ទៅ​ផ្ទះ​របស់​លោក ​ក្នុង​ស្រុក​ម៉ាឡៃ ​ខេត្ត​បន្ទាយមានជ័យ​ ទី​ដែល​លោក​ធ្វើ​សមាហរណកម្ម​ជា​មួយ​រាជ​រដ្ឋាភិបាល ​កម្ពុជា​ចុង​ក្រោយ​នោះ ​ភ្លៀង​ក៏​បាន​ធ្លាក់​យ៉ាង​ខ្លាំង​ផង​ដែរ ​នៅ​ផ្ទះ​ដែល​ត្រូវ​តម្កល់​ និង​ធ្វើ​បុណ្យ​សព​លោក​តាម ​ប្រពៃណី​។​
យោង​តាម​សេចក្ដី​រាយការណ៍​ពី​ ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​ឲ្យ​ដឹង​ថា​ រហូត​ដល់​វេលា​ម៉ោង ​៦​ និង​១៦​នាទី​ល្ងាច​ថ្ងៃ​ ព្រហស្បតិ៍​ ទី​១៤ ​ខែ​មីនា​ ឆ្នាំ​២០១៣ ​ភ្លៀង​បាន​បង្អុរ​ចុះ​យ៉ាង​ខ្លាំង​រយៈ​ពេល​ជាង ​២០​នាទី​ហើយ​ តែ​មិន​បង្ក​ឲ្យ​ប៉ះ​ ពាល់​ដល់​ផ្ទះ ​និង​រោង ​ដែល​រៀប​ចំ​ធ្វើ​ពិធី​បុណ្យ​សព ​លោក ​អៀង ​សារី ​នោះ​ទេ​។​
ប្រជាពល​រដ្ឋ​នៅ​ក្នុង​ស្រុក​ម៉ាឡៃ​ ដែល​ជា​តំបន់​គ្រប់​គ្រង​ដោយ​ លោក ​អៀង ​សារី ​តែ​ម្ដង ​បាន​នាំ​លើក​ឡើង​ថា​ ភ្លៀង​មួយ​មេ​ដ៏​ធំ​នេះ ​ហាក់​ដូច​ជា​ចង់​ជូន​ដំណើរ​លោក​ អៀង​ សារី​ ក៏​ដូច​ជា​បង្អុរ​លាង​រាល់​បាបកម្ម​ទាំង​អស់ ​ជំពាក់​ វាក់​វ័ន្ត​ក្នុង​សម័យ​ខ្មែរ​ក្រហម​ ដែល​លោក ​អៀង ​សារី​ ជា​អ្នក​ដឹក​នាំ​កំពូល​មួយ​រូប​នា​សម័យ​ ដែល​សម្លាប់​រង្គាល​ ប្រជាពល​រដ្ឋ​ខ្មែរ ​រហូត​ដល់​ជាង ​២​លាន​នាក់ ​និង​និរាស​ព្រាត់​ប្រាស់​គ្នា​យ៉ាង​ខ្លោច​ផ្សារ​បំផុត​។

0 comments:

Post a Comment